សិក្ខាសាលាពិគ្រោះយោបល់អន្តរជាតិ ស្តីពី ការផ្តល់ការគាំទ្រផ្នែកសុខាភិបាល (P4H)

Speeches Shim

Tuesday, 6 February, 2018
  • សូមគោព ឯកឧត្តមវេជ្ជបណ្ឌិត អម សំអុល  អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល
  • សូមគោរព លោក Somil Nagpal ប្រធានផ្នែកសុខាភិបាលនៃធនាគារពិភពលោក
  • ភ្ញៀវកិត្តិយសទាំងអស់ជាទីគោរព!

ខ្ញុំសូមស្វាគមន៍ឯកឧត្តម លោកជំទាវ​ ​លោក លោកស្រីទាំងអស់មកកាន់កិច្ចប្រជុំដ៏មាន​សារៈសំខាន់នាថ្ងៃនេះ។ គម្រោង P4H ត្រូវបានប្រកាសឡើងកាលមួយទសវត្សរ៍កន្លងទៅដែល​ជាគំនិតផ្តួចផ្តើមផ្នែកនយោបាយមួយសម្រាប់កិច្ចគាំពារសុខមាលភាពសង្គម។ គម្រោង P4H ត្រូវបានរចនាឡើងដើម្បីប្រមូលដៃគូ និងអ្នកពាក់ព័ន្ធទាំងឡាយមកជួបជុំគ្នាដើម្បី៖

  • ចែករំលែកព័ត៌មាន និងលើកកម្ពស់កិច្ចសន្ទនា
  • សហការផ្តល់កិច្ចគាំទ្របច្ចេកទេសជាទ្វេភាគី​ និងពហុភាគីលើគ្រប់វិស័យ និង
  • ផ្តល់ទីផ្សារមួយសម្រាប់កិច្ចសហការ និងការវិនិយោគបន្ថែមដើម្បីបង្កើនការគាំទ្រនិងបំពេញភាពចន្លោះប្រហោងនានា។

នៅកម្ពុជាគម្រោង P4H បានចាប់ផ្តើមនាឆ្នាំ ២០០៩ ហើយបានពង្រីកខ្លួនយ៉ាងឆាប់​រហ័ស​នៅក្នុងឆ្នាំ ២០១៥ ដោយច្របាច់បញ្ចូលនូវដៃគូអភិវឌ្ឍន៍ពហុវិស័យយ៉ាងទូលំទូលាយមួយដែល​កំពុងបំពេញការងារលើវិស័យសុខាភិបាល។ នាពេលនោះ ទីភ្នាក់ងារជំនួយអាមេរិក USAID បានចូលរួមធានាថាកិច្ចប្រឹងប្រែងរបស់យើងក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យគាំពារសុភាពសង្គមត្រូវបានសហការគា្នយ៉ាងជិតស្និទ្ធជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ដៃគូដ៏ទៃផ្សេងទៀត។ ប៉ុន្តែមុននឹងចូលរួមជាមួយគម្រោង P4H ទីភ្នាក់ងារជំនួយអាមេរិក USAID មាន​ការ​ប្តេជ្ញាចិត្តជាយូរមកហើយក្នុងការពង្រីកនូវសិទ្ធិទទួលបានសេវាសុខាភិបាលដែលមានគុណ​ភាព និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ថ្ងៃនេះ យើងមកទីនេះដើម្បីសិក្សាបន្ថែមទៀតអំពីគម្រោង P4H ដែលជាបណ្តាញសកល​មួយ ដើម្បីអបអរសាទរស្នាដៃសម្រេចបានរបស់កម្ពុជារហូតមកដល់ពេលនេះ ដើម្បីកំណត់តម្រូវ​ការចាំបាច់នាពេលអនាគត និងគម្លាតក្នុងការអនុវត្តគម្រោង ព្រមទាំងពិភាក្សាពីវិស័យនៃកិច្ច​សហប្រតិបត្តិការនាពេលអនាគត។ ក្នុងការបោះជំហ៊ានឆ្ពោះទៅគោលដៅគ្របដណ្តប់សុខភាព​សកល​ យើងសម្រេចបាននូវកិច្ច​ការ​ជាច្រើន។​ ថ្ងៃនេះយើងនឹងសិក្សាបន្ថែមអំពីលទ្ធផលសម្រេច​បាន​ទាំងនេះ ប៉ុន្តែខ្ញុំសូម​អនុញ្ញាត​គូសបញ្ជាក់នូវចំណុចមួយចំនួនដូចខាងក្រោម៖

  • ការស្ទង់មតិគណនេយ្យសុខាភិបាលថ្នាក់ជាតិត្រូវបានរៀបចំឡើង ហើយទិន្នន័យត្រូវ​បាន​យក​មក​ប្រើ​ប្រាស់ដើម្បីរម្លឹកដល់ជោគជ័យរបស់យើង ក៏ដូចជាផ្តល់នូវការចង្អុលបង្ហាញ​សម្រាប់​ការរៀប​ចំគម្រោងនាពេលអនាគត។
  • រាជរដ្ឋាភិបាលកម្ពុជាកំពុងចាប់យកការគាំទ្រសម្រាប់ឱសថគន្លឹះមួយចំនួន វត្ថុធាតុ​ដើម​ផ្នែក​សុខាភិបាល និងការផ្គត់ផ្គង់នានាដែលធ្លាប់តែទទួលបានការ​គាំទ្រ​ពី​អ្នក​ផ្តល់ជំនួយ​កន្លង​មក។
  • កិច្ចគាំពារសង្គម ដូចជាសាច់ប្រាក់សម្រាប់ធ្វើឲ្យប្រសើរឡើងនូវអាហារូបត្ថម្ភ​សម្រាប់​​ស្ត្រី​មានគត៌ និងកុមារ កំពុងតែត្រូវបានអនុវត្ត។
  • មូលនិធិសមធម៌សុខាភិបាលដែលបានចាប់ផ្តើមឡើងដោយអង្គការមិនមែនរដ្ឋាភិ បាលមួយចំនួន ព្រមទាំងទទួលបានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID និងដៃគូអភិវឌ្ឍន៍​ផ្សេង​ទៀតកាលពីដើមទសវត្សរ៍ឆ្នាំ ២០០០ បានពង្រីកខ្លួននៅទូទាំងប្រទេស ហើយបច្ចុប្បន្នបាន​ជួយ​ឲ្យប្រជាជនប្រមាណ ២០ភាគរយនៅទូទាំងប្រទេសទទួលបាននូវសេវាថែទាំសុខភាព។ រាជ​រដ្ឋាភិ​បាលកម្ពុជាបានទទួលខុសត្រូវលើការចំណាយជាងពាក់កណ្តាលនៃមូលនិធិសមធម៌សុខាភិ​បាលនេះ ហើយបានចាប់ផ្តើមគ្រប់គ្រងចាត់ចែងតាមរយៈការបង្កើតនូវទីភ្នាក់ងារវិញ្ញាបនប័ត្រ​ចំណាយ។

ទីភ្នាក់ងារជំនួយអាមេរិក USAID មានមោទនភាពដោយបានបំពេញការងារជាមួយដៃគូ​អភិវឌ្ឍន៍នានាក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្ពោះ​ទៅ​សម្រេចបាននូវស្នាដៃដ៏អស្ចារ្យនេះ។

ខណៈយើងអបអរសាទរនូវលទ្ធផលនេះ យើងក៏ត្រូវទទួលស្គាល់ផងដែរមានការងារជាច្រើន​ទៀតដែលយើងត្រូវបំពេញ។ មានការងារជាច្រើនដែលយើងត្រូវធ្វើដើម្បីពង្រីកមូលនិធិសមធម៌​សុខាភិបាល និងគម្រោងគាំពារសុខភាពសង្គមផ្សេងទៀត ដើម្បីគ្រប់ដណ្តប់លើប្រជាពលរដ្ឋងាយ​រងគ្រោះ ជាពិសេសប្រជាពលរដ្ឋដែលជិតបន្ទាត់ក្រីក្រ។ យើងក៏ត្រូវការស្វែងរកមធ្យោបាយដើម្បី​កាត់បន្ថយចំណាយប្រាក់ហោប៉ៅលើវិស័យសុខាភិបាល និងធានានូវគណនេយ្យភាពហិរញ្ញវត្ថុ និងគម្រោង រួមទាំងការចូលរួមរបស់ប្រជាពលរដ្ឋផងដែរ។

យើងក៏មិនអាចមើលរំលងនូវតួនាទីរបស់វិស័យឯកជនផងដែរ។ យើងដឹងថាប្រជាជនកម្ពុជា​ភាគច្រើនតែងតែទៅកាន់វិស័យឯកជនដើម្បីទទួលបាននូវសេវាថែទាំសុខភាព ដូច្នេះយើង​ចាំ​បាច់​ត្រូ​វជម្រុញការផ្សាភ្ជាប់គ្នារវាងវិស័យឯកជន និងសាធារណៈ។ យើងក៏ត្រូវពង្រឹងតួនាទីត្រួតពិនិត្យ​របស់​រាជ​រដ្ឋាភិបាលទៅលើគុណភាពនៃការថែទាំសុខភាពរបស់សេវាឯកជន តាមរយៈប្រព័ន្ធបទ​ប្បញ្ញត្តិ។ ទិន្នន័យពីសេវាឯកជនត្រូវតែច្របាច់បញ្ជូលទៅក្នុងប្រព័ន្ធព័ត៌មានសុខាភិបាលតែមួយ។

ឯកឧត្តម លោកជំទាវ​ ​លោក លោកស្រីទាំងអស់ យើងបានធ្វើដំណើររួមគ្នាជាយូរមក​ហើយ​ដើម្បី​ឆ្ពោះ​ទៅ​សម្រេចគោលដៅគ្របដណ្តប់សុខភាពសកលដល់ប្រជាជនកម្ពុជា។ ផ្អែក​លើភាពជោគជ័យនៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា យើងនឹងឈានទៅសម្រេចបាននូវគោលដៅ​នេះ។ ចូរយើងធ្វើការរួមគ្នាដើម្បីឈានទៅសម្រេចជោគជ័យ។

ខ្ញុំសូមថ្លែងអំណរគុណជាពិសេសចំពោះអង្គការ GIZ និងធនាគារពិភពលោក ដែលបាន​នាំយើងឲ្យបានមកជួបជុំគ្នាថ្ងៃនេះ។ ខ្ញុំទន្ទឹងរង់ចាំនូវកិច្ចពិភាក្សាដ៏រស់រវើករបស់យើងនាថ្ងៃនេះ។

សូមអរគុណ!

Phnom Penh
Issuing Country