Press Release Shim
Speeches Shim
For Immediate Release
ថ្ងៃនេះ តំណាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងស្រុក និងអន្តរជាតិ បានជួបប្រជុំគ្នា ក្នុង កម្មវិធីផ្សព្វផ្សាយ និង ចែករំលែកបទពិសោធន៍ដែលរៀបចំដោយគម្រោងUSAIDព្រៃឡង់បៃតងក្រោមការជួយឧបត្ថម្ភមូលនិធិពីទីភ្នាក់ងារសហរដ្ឋាអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីដៃគូជាង១០០រូប ដែលធ្វើការរួមគ្នាសម្រាប់ការគ្រប់គ្រងទេសភាពព្រៃឡង់និងតំបន់ជុំវិញ(PLEL) ប្រកបដោយចីរភាព និងប្រសិទ្ធភាព។ អ្នកចូលរួមបានពិភាក្សាលើលទ្ធផលរកឃើញពីការស្រាវជ្រាវ និងការពិគ្រោះយោបល់យ៉ាងទូលំទូលាយរយៈពេលយូរ ដែលត្រូវបានរៀបចំឡើងដោយកម្មវិធីព្រៃឡង់បៃតង ចែករំលែកព័ត៌មាន និងការអនុវត្តល្អប្រសើរ ទាក់ទងនឹងការអនុវត្តច្បាប់ ការកំណត់ និងគ្រប់គ្រងតំបន់ការពារ និងហិរញ្ញប្បទានប្រកបដោយចីរភាព។
លោកស្រី វីណា រេតឌី នាយិកាបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋាអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា បានកត់សម្គាល់ថា “ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ជុំវិញព្រៃឡង់ មានតួនាទីដ៏សំខាន់សម្រាប់ការការពារ និងគ្រប់គ្រងតំបន់ទេសភាពដ៏អស្ចារ្យនេះ"។ “ដូច្នេះហើយ ទើបយើងបានរៀបចំការពិគ្រោះយោបល់ជាច្រើនជាមួយសហគមន៍តំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ និងតំបន់ព្រៃឈើផ្សេងទៀតរបស់កម្ពុជា។ ការពិគ្រោះយោបល់ទាំងនេះ បានបង្ហាញពីក្តីប្រាថ្នា និងតម្រូវការរបស់សហគមន៍មូលដ្ឋាន ក្នុងការអភិវឌ្ឍមុខរបរប្រកបដោយចីរភាព ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់នេះ”។
គម្រោង USAID ព្រៃឡង់បៃតង ដែលបានទទួលកិច្ចសន្យាអនុវត្តគម្រោងក្នុងខែសីហា ឆ្នាំ២០១៨ គឺជាសកម្មភាពរយៈពេលប្រាំឆ្នាំ ដែលជាកិច្ចបន្តការគាំទ្រដ៏យូរអង្វែងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីអភិរ័ក្សបេតិកភ័ណ្ឌធម្មជាតិ និងវប្បធម៌របស់កម្ពុជា ខណៈជួយធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទបានល្អប្រសើរឡើង។ កម្មវិធីនេះក៏គាំទ្រគោលដៅ និងការប្តេជ្ញាចិត្តជាអន្តរជាតិរបស់កម្ពុជាចំពោះការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការអភិរក្សជីវៈចម្រុះផងដែរ។ កម្មវិធីនេះនឹងអនុវត្តការងារនៅក្នុងតំបន់ការពារអាទិភាព ដែលរួមមានព្រៃឡង់ ព្រៃព្រះរកា និងឆែប ខណៈដែលតំបន់នៃការអនុវត្តកម្មវិធីជារួម លាតសន្ធឹងចាប់ពីច្រាំងទន្លេសាបរហូតដល់ត្រើយទន្លេមេគង្គ។
ការរួមចំណែករបស់ដែនជម្រកសត្វព្រៃ-ព្រៃឡង់ និងតំបន់ការពារដទៃទៀតនៃកម្ពុជាភាគខាងជើង ចំពោះសុខភាពបរិស្ថាន ជីវៈចម្រុះ និងជីវភាពរបស់ប្រជាពលរដ្ឋ មានកម្រិតមិនស្មើគ្នាទេ។ ព្រៃឡង់ គឺជាព្រៃស្រោងវាលទំនាបដែលនៅសេសសល់ចុងក្រោយរបស់តំបន់អាស៊ីអាគ្នេយ៍ និងជាជម្រកសម្រាប់ប្រជាជនជាងមួយលាននាក់ រុក្ខជាតិ និងសត្វដែលទទួលរងការគម្រាមកំហែងជាង៤០ ប្រភេទ។ ទោះបីជាព្រៃឡង់មានតួនាទីដ៏សំខាន់ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ ជួយសម្រួលដល់ការគ្រប់គ្រងទឹក និងផ្តល់ធនធានសំខាន់ៗដល់ប្រជាជនរបស់ប្រទេសកម្ពុជាក៏ដោយ តំបន់នេះកំពុងស្ថិតក្រោមការគម្រាមកំហែងពីការកាប់ឈើខុសច្បាប់ និងការដណ្តើមដីធ្លី ហេតុការណ៍អាកាសធាតុអាក្រក់ដែលកំពុងកើនឡើងកាន់តែខ្លាំង និងតម្រូវការដែលកំពុងកើនឡើងឥតស្រាកស្រាន្តសម្រាប់ធនធានរបស់ព្រៃនេះ។
ព្រឹត្តិការណ៍ផ្តួចផ្តើមគំនិត និងរៀនសូត្រ បានប្រមូលផ្តុំដៃគូនានាមកជួបប្រជុំគ្នា ដើម្បីពិភាក្សាលើចំណុចសកម្មភាពអាទិភាពទាំងនេះ និងលទ្ធផលរកឃើញពីការពិគ្រោះយោបល់អ្នកពាក់ព័ន្ធដ៏ទូលំទូលាយរយៈពេលយូរ ដែលត្រូវបានរៀបចំដោយកម្មវិធី USAID ព្រៃឡង់បៃតង ដើម្បីរៀបចំយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់កម្មវិធី។ ការពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយបណ្តាញអង្គការជាតិ និងអង្គការអន្តរជាតិ បានរកឃើញការប្រែប្រួលលើការអភិរក្ស ដោយផ្នែកឯកមានការចាប់អារម្មណ៍ និងចូលរួមកាន់តែច្រើន ក្នុងការវិនិយោគលើកិច្ចប្រឹប្រែងអភិរ័ក្ស និងគាំទ្រអត្ថប្រយោជន៍ពិតប្រាកដនៃមុខរបរចិញ្ចឹមជីវិតសម្រាប់សហគមន៍មូលដ្ឋាន។
# # #
អំពីកម្មវិធី USAID ព្រៃឡង់បៃតង
កម្មវិធី USAID ព្រៃឡង់បៃតង អនុវត្តសកម្មភាព ដើម្បីលើកកម្ពស់ការអភិវឌ្ឍដែលមានការបំភាយកម្រិតទាប សមត្ថភាពបន្ស៊ាំ និងការគ្រប់គ្រងបែបបរិយាប័ន្នប្រកបដោយចីរភាពនៅក្នុងទេសភាពព្រៃឡង់ទាំងមូល តាមរយៈការផ្តោតលើសហគមន៍ ការអភិរ័ក្ស និងអភិបាលកិច្ចដែលបានកែលម្អ។ កម្មវិធីរយៈពេលប្រាំឆ្នាំនេះបានទទួលជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុពីបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋាអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា និងត្រូវបានអនុវត្តដោយ Tetra Tech, អង្គការអភិរក្សអន្តរជាតិ (Conservation International) និងអង្គការអភិរក្សសត្វព្រៃ (the Wildlife Conservation Society)។ សម្រាប់ព័ត៌មានបន្ថែម សូមចូលមើលវ៉ិបសាយោ៖ www.facebook.com/USAIDGPL
ទំនាក់ទំនងសម្រាប់អ្នកសារព័ត៌មាន
សេង បុប្ផា (Bopha Seng) កម្មវិធី USAID ព្រៃឡង់បៃតង៖ Bopha.Seng@greeningpreylang.org
Comment
Make a general inquiry or suggest an improvement.