Speeches Shim
វិស័យកសិកម្មមានសក្តានុពលសម្រាប់ជម្រុញកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជាចាំបាច់ត្រូវតែធ្វើអោយប្រសើរឡើងនូវផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផល សម្រួលបរិស្ថានជំនួញ និងបង្កើនសមត្ថភាពសម្រាប់សេវាហិរញ្ញវត្ថុអោយទៅដល់សហគ្រិននៅតាមទីជនបទ។ ជិត ៨០ភាគរយនៃប្រជាជនកម្ពុជារស់នៅតំបន់ជនបទ ហើយ ៦៥ភាគរយពឹងផ្អែកវិស័យកសិកម្ម ការនេសាទ និងព្រៃឈើ។ មួយភាគប្រាំនៃប្រជាជនកម្ពុជាមានកង្វះចំណីអាហារ មានន័យថាបរិមាណកាឡូរីដែលពួកគេទទួលបានប្រចាំថ្ងៃមានចំនួនតិចជាងបរិមាណកាឡូរីដែលមនុស្សម្នាក់ៗត្រូវទទួលបានតាមការកំណត់។
កម្មវិធីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសំរាប់អនាគត (Feed the Future) គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការជួយបង្កើនផលិតភាពកសិកម្មរបស់ប្រទេសនេះ ការធ្វើអោយប្រសើរឡើងនូវសុខមាលភាពរបស់ប្រជាជនក្រីក្រនៅតាមជនបទ ព្រមទាំងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយចីរភាពនូវធនធានធម្មជាតិដ៏សម្បូរបែបរបស់ប្រទេសនេះ។ គោលបំណងសំខាន់ គឺគាំទ្រការសម្រេចអោយបាននូវគោលដៅអភិវឌ្ឍរបស់កម្ពុជា រួមទាំងការកាត់បន្ថយពាក់កណ្តាលនៃជនរងគ្រោះដោយកង្វះអាហារូបត្ថម្ភ និងការសម្រេចអោយបាននូវការប្រើប្រាស់ដោយចីរភាពនៃធនធានបរិស្ថាន។ ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងកសាងនូវដំណោះស្រាយផ្នែកកសិកម្មចំពោះការប្រឈមជាច្រើនដូចជា៖ ការទទួលបាននូវសេវាហិរញ្ញវត្ថុ ការផ្សារភ្ជាប់ជាមួយវិស័យឯកជន ការខាតបង់ក្រោយប្រមូលផល សុវត្ថិភាពចំណីអាហារ កង្វះទីផ្សារ ការរេចរឹលបរិស្ថាន និងផលប៉ះពាល់នៃបំរែបំរួលអាកាសធាតុ។ ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងធ្វើការជម្រុញអោយធ្វើការរួមគ្នារវាងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ។
លទ្ធផលបច្ចុប្បន្នភាព
- បានបណ្តុះបណ្តាលកសិករចំនួន ៣៤៥,០០០នាក់ (៦៤%ជាស្ត្រី) ឬស្មើនឹង ១២៤,៥០០គ្រួសារ លើវិស័យកសិកម្ម និងសន្តសុខស្បៀង ដែលក្នុងនោះមាន ២៥%ជាកសិករក្រីក្រ។
- បានជួយដល់កសិករចំនួនជាង ១៩៣,០០០នាក់ (៥៣%ជាស្ត្រី) ឬស្មើនឹង ៧៨,០០០គ្រួសារ អោយអនុវត្តនូវបច្ចេកវិទ្យាថ្មីៗលើផ្ទៃដីចំនួន ៨៧,៦០០ហិកតា។
- បានជួយដល់កសិករដែលទទួលផលពីគម្រោងអោយបង្កើនការលក់ប្រចាំឆ្នាំរបស់រហូតដល់ ៤០លានដុល្លារ(ឬគ្រួសារនីមួយៗបានកើនចំណូលចំនួន ១១០ដុល្លារបន្ថែម) ពីការលក់ផលកសិកម្មរបស់ពួកគេក្នុងឆ្នាំនីមួយៗ។
- បានបណ្តុះបណ្តាលប្រជាជនជាង ២៣០,០០០នាក់ (ក្នុងនោះមាន ៧០%ជាស្ត្រី) លើការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តអាហារូបត្ថម្ភ។
- បានជួយដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ ចំនួន៤១,០០០នាក់ (ក្នុងនោះមាន ៥០%ជាកុមារី) ឲ្យទទួលបាននូវកម្មវិធីអាហារូបត្ថម្ភ។
- បានកាត់បន្ថយកុមារមានកង្វះទម្ងន់ប្រមាណជិត ៣០% ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។
- បានជួយនិស្សិតចំនួន ៧៣នាក់ (ក្នុងនោះមាន ៣៣នាក់ជាស្ត្រី) ទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្ររង បរិញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ និងបណ្ឌិតលើមុខជំនាញកសិកម្ម សន្តិសុខស្បៀង ឬវិស័យពាក់ព័ន្ធនឹងបរិស្ថានផ្សេងទៀត។
លទ្ធផលរំពឹងទុកចន្លោះឆ្នាំ ២០១៧ ដល់ ២០២២
- ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធទីផ្សារកសិកម្ម ដែលនឹងជួយក្រុមអ្នកផលិតសាកវប្បកម្មយ៉ាងហោចណាស់ ២,០៣៤ក្រុមនៅក្នុងតំបន់ Feed the Future ឲ្យបង្កើនការលក់ត្រឹម ៣៧លានដុល្លារ។
- ធ្វើការជាមួយវិស័យឯកជន ដើម្បីបង្កើនការវិនិយោគលើវិស័យសាកវប្បកម្មឲ្យបានច្រើនជាង ១២លានដុល្លារ។
- ពង្រីកសកម្មភាពចិញ្ចឹមត្រីក្នុងស្រែឲ្យបានដល់យ៉ាងហោចណាស់ ១៣៤សហគមន៍ ដែលនឹងបង្កើនផលិតភាពត្រីបន្ថែមចំនួន ៥៨៨តោនក្នុងមួយឆ្នាំ (ពី៩២០តោន ទៅ ១,៥០៥តោន) ដើម្បីចិញ្ចឹមប្រជាជនយ៉ាងហោចចំនួន ៣៣៨,០០០នាក់ក្នុសហគមន៍។
- បន្តបំពេញការងារជាមួយមាតា/អ្នកផ្តល់ការថែទាំទាំងឡាយលើការងារអាហារូបត្ថម្ភ ដើម្បីឲ្យកុមារអាយុក្រោមប្រាំឆ្នាំយ៉ាងហោច ១២៩,៧០០នាក់រួចផុតពីបញ្ហាកង្វះអាហារូបត្ថម្ភ។
- បង្កើនការទទួលសេវាទឹកស្អាតដល់ប្រជាជនយ៉ាងតិច ១០០,០០០នាក់ក្នុង៣០សហគមន៍។
Comment
Make a general inquiry or suggest an improvement.