Speeches Shim
ប្រទេសកម្ពុជាសម្បូរទៅដោយជីវចម្រុះ។ ប្រទេសកម្ពុជាគឺជាប្រភពនៃព្រៃបៃតងជានិច្ចធំជាងគេបំផុតទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយមានរុក្ខជាតិខុសៗគ្នាប្រមាណ ២,៣០០ប្រភេទ សត្វជិតផុតពូជចំនួន ១៤ប្រភេទ និងជាផ្លូវដើររបស់សត្វដំរីមួយក្នុងចំណោមប្រាំពីរដែលនៅសេសសល់ក្នុងពិភពលោក។ ប្រទេសកម្ពុជាមានដែនគម្របព្រៃឈើជិត ៤០% ដែលត្រូវបានការពារ។ ទោះយ៉ាងណាការប្រមូលផលព្រៃឈើខុសច្បាប់ និងការបរបាញ់សត្វព្រៃនៅ តែជាការគម្រាមកំហែងដ៏ធ្ងន់ធ្ងរក្នុងការអភិរក្សធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជានេះ។ លើសពីនេះ ការកែប្រែដីព្រៃទៅជាដីកសិកម្ម ការធ្វើអាជីវកម្មជ្រុលហួសទៅលើសត្វ និងរុក្ខជាតិសំខាន់ៗមួយចំនួន ការរុករក រ៉ែ និងព្រមទាំងការមិនផ្តល់តម្លៃដល់សេវាអេកូឡូស៊ីដូចជា ការបង្កើនជីជាតិដី ការស្រូបទុកកាបូន និងស្ថេរភាពនៃ ជម្រាលទឹកភ្លៀង ក៏សុទ្ធតែរួមចំណែកដល់អត្រាបាត់បង់ព្រៃឈើយ៉ាងគំហុកក្នុងប្រទេសកម្ពុជា។ ការកាប់បំផ្លាញព្រៃឈើមិនត្រឹមតែគម្រាមកំហែងដល់ជីវចម្រុះប៉ុណ្ណោះទេ វាក៏អាចបណ្តាលឲ្យមានការកើនឡើងនូវទឹកជំនន់ ឬការហូរច្រោះក្នុងអាងទន្លេមេគង្គ អន្តរាយដល់ការប្រកបរបរចិញ្ចឹមជីវិតពីការនេសាទ និងការធ្វើស្រែ ព្រមទាំងកាត់បន្ថយការស្តុកទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិកំពុងជួយដល់ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ តាមរយៈការអភិរក្ស និងគ្រប់គ្រងនូវធនធានធម្មជាតិរបស់ខ្លួន។ សកម្មភាពទាំងនេះគាំទ្រដល់សហគមន៍ទាំងឡាយដែលពឹងផ្អែកលើធនធានធម្មជាតិសម្រាប់ការចិញ្ចឹមជីវិត និងកំណែទម្រង់អភិបាលកិច្ច ដើម្បីគ្រប់គ្រងជម្រាលទឹកភ្លៀង និងតំបន់ការពារនានា។ តាមរយៈការចូលរួមប្រកបដោយអត្ថន័យ និងការធ្វើសេចក្តីសម្រេចចិត្តរួមគ្នាជាមួយសហគមន៍ក្នុងមូលដ្ឋាន ក្រុមជនជាតិដើមភាគតិច និងប្រជាជនងាយរងគ្រោះ ច្បាប់ និងគោលនយោបាយថ្មីៗត្រូវបានអនុម័ត ដើម្បីជម្រុញឲ្យសហគមន៍គ្រប់គ្រងនូវព្រៃឈើ និងដីធ្លីនៅជុំវិញសហគមន៍របស់ខ្លួន។ សហគមន៍ និងអាជ្ញាធររាជរដ្ឋាភិបាលដែលកំពុងរស់នៅក្នុងតំបន់វាលទំនាបលិចទឹក ដែលសម្បូរទៅដោយជម្ងឺម៉ូសាអ៊ីកត្រូវបានបណ្តុះបណ្តាល ស្តីពីការកសាងផែនការប្រកបដោយចីរភាពសម្រាប់ការគ្រប់គ្រង និងការដើរល្បាតរួមគ្នានូវតំបន់ព្រៃ ជម្រកត្រីសហគមន៍ តំបន់ការពារ និងតំបន់អភិរក្សដ៏ទៃផ្សេងទៀត។ សហគ្រិនដែលផ្តោតលើផលអនុផលព្រៃឈើដុចជា ឬស្សី ទឹកឃ្មុំ និងជ័រឈើជាដើមទទួលបានការគាំទ្រតាមរយៈការផ្សារភ្ជាប់ពួកគេជាមួយអ្នកផ្តល់សេវាអភិវឌ្ឍន៍ធុរកិច្ច ដើម្បីឲ្យពួកគេអាចទទួលបាននូវសេវាឯកទេសលើការលើកកម្ពស់ផលិតភាព បច្ចេកវិជ្ជា សម្ភារៈ ប្រាក់កម្ចីនានា ដើម្បីពួកគេអាចធ្វើការប្រកួតប្រជែងបន្ថែមទៀតនៅលើទីផ្សារ។
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិក៏កំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍ក្នុងស្រុកនានាកំណត់ និងទាញយកផលប្រយោជន៍ពិកាលានុវត្តភាពនៃការបង្កើតប្រាក់ចំណូលពីការស្រូបទុកកាបូន និងការជៀសវាងការបំភាយឧស្ម័នពីការបាត់បង់ព្រៃឈើ ព្រមទាំងអេកូទេសចរណ៍ប្រកបដោយចីរភាព។ លើសពីនេះ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏កំពុងពង្រឹងគោលនយោបាយ និងច្បាប់កម្ពុជាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងតំបន់ការពារ ធ្វើអោយប្រសើរឡើងនូវការអនុវត្តគោលនយោបាយ និងច្បាប់ទាំងនោះ ការតម្រង់ទិសការអនុវត្តរបស់កម្ពុជាអោយស្របនឹងច្បាប់បរិស្ថាន ការប្តេជ្ញាចិត្តជាអន្តរជាតិ និងការចូលរួមក្នុងការកាត់បន្ថយការបំភាយឧស្ម័នពីការបាត់បង់ និងការរេចរឹលព្រៃឈើរបស់អង្គការសហប្រជាជាតិ ព្រមទាំងកម្មវិធីរេចរឹលព្រៃឈើផងដែរ។ ក្នុងរយៈពេលវែង កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះនឹងជួយការពារ និងអភិរក្សដីព្រៃ និងតំបន់ជីវៈចម្រុះសំខាន់ៗ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើនភាពធន់ទ្រាំ និងភាពចម្រុងចម្រើនរបស់ជនកម្ពុជាតាមរយៈការកសាងផែនការយុទ្ធសាស្ត្រសម្រាប់ការគ្រប់គ្រងធនធានថម្មជាតិប្រកបដោយចីរភាព និងសមភាព។
លទ្ធផល
- បានជួយប្រជាជនជាង ៣០៩,១០០នាក់ទាញយកផលប្រយោជន៍សេដ្ឋកិច្ចពីការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។
- បានធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងធនធានធម្មជាតិនៅលើផ្ទៃដីជាង ២,៦០០,០០០ហិចតា។
- បានគាំទ្រសកម្មភាពចិញ្ចឹមជិវិតនៅតាមតំបន់សហគមន៍ព្រៃឈើ ដោយបានបង្កើនប្រាក់ចំណូលគ្រួសារចំនួនជិត ៥០ភាគរយ។
- បានផ្សារភ្ជាប់ផលិតផលធនធានធម្មជាតិប្រកបដោយចីរភាពទៅកាន់ទីផ្សារ ដោយបានបង្កើនប្រាក់ចំណូលគ្រួសារចំនួន ៨០ភាគរយ។
- ជម្រុញឲ្យមានកិច្ចព្រមព្រៀង និងការផ្តល់ប័ណ្ណកាន់កាប់ដីធ្លីចំនួន ៤១ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាង ៧,០០០គ្រួសារ។
- បានបង្កើតគម្រោងផែនការក្រប់គ្រងព្រៃឈើ និងជីវចម្រុះប្រកបដោយចីរភាពចំនួន ២៣។
- បានបណ្តុះបណ្តាលប្រជាជនចំនួនជាង ៧០,០០០នាក់អំពីការក្រប់គ្រងធនធានធម្មជាតិ និង/ឬ ការអភិរក្សជីវៈចម្រុះ។
- បានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីការកាប់បំផ្លាញព្រៃឈើ និងការប្រើប្រាស់ដីធ្លីចំនួនជាង ១៤លានតោន ដែលស្មើនឹងការបំភាយឧស្ម័នដោយការបើកបររថយន្ត ២.៩លានគ្រឿងសម្រាប់មួយឆ្នាំ។
- បានជួយប្រជាជនជាង ៨១,០០០នាក់ឲ្យបន្សាំខ្លួនទៅនឹងផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។
Comment
Make a general inquiry or suggest an improvement.