Speeches Shim
ចាប់ពីឆ្នាំ ២០០០ ប្រទេសកម្ពុជាទទួលបានូវការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងវិស័យសុខាភិបាលរបស់ខ្លួន ដោយរាប់បញ្ចូលទាំងនូវអាយុកាលមធ្យមកើនលើស៧១ឆ្នាំ រហូតដល់ការកាត់បន្ថយអត្រាមរណភាពកុមារជាងពាក់កណ្តាល ពោលគឺមានកុមារអាយុក្រោម ៥ឆ្នាំស្លាប់ចំនួនតិចជាង៣៥នាក់ស្លាប់ក្នុងចំណោម ១០០០កំណើតរស់។
អត្រានៃការសម្រាលកូនដោយមានជំនួយពីអ្នកជំនាញបានរួមចំណែកកាត់បន្ថយយ៉ាងច្រើននូវអត្រាមរណភាពមាតា។ ដោយមានជំនួយពីទីភ្នាក់ងារជំនួយអាមេរិក USAID អត្រានៃកុមារដែលបានទទួលថ្នាំបង្ការមានការកើនឡើងពី ៤០% ទៅ ៧៣%។ នៅតាមបណ្តាសហគមន៍ក្រីក្របំផុតដែលទទួលបានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ជាង ៣/៤ នៃទារកត្រូវបានបំបៅដោយទឹកដោះម្តាយមួយមុខគត់សម្រាប់រយៈពេលប្រាំមួយខែដំបូង។ បញ្ហាកង្វះអាហារូបត្ថម្ភក៏បានធ្លាក់ចុះគួរអោយកត់សម្គាល់ផងដែរ។ ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID អត្រាជម្ងឺក្រេសក្រិនថ្នាក់ជាតិបានធ្លាក់ចុះពី ៤០% ក្នុងឆ្នាំ២០១០ មកត្រឹម ៣២% ក្នុងឆ្នាំ ២០១៤។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០១៤ សមាមាត្រនៃគ្រួសារកម្ពុជាដែលប្រើប្រាស់ប្រភពទឹកស្អាតបានកើនឡើងទ្វេរដងពី ៣២.៥% រហូតដល់ ៦៥%។
ទីភ្នាក់ងារជំនួយអាមេរិក USAID បានចូលរួមចំណែកក្នុងការសម្រេចបាននូវលទ្ធផលគួរជាទីសោមន្សនេះតាមរយៈការជួយពង្រឹងប្រព័ន្ធ និងគោលនយោបាយថ្នាក់ជាតិ ការពង្រីកការផ្តល់សេវាសាធារណៈទៅដល់សហគមន៍ និងការធ្វើអោយប្រសើរឡើងនូវសេវាប្រកបដោយគុណភាព។ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានជួយពង្រីកនូវមូលនិធិសមធម៌សុខាភិបាល (Health Equity Fund) ទៅគ្រប់បណ្តាមណ្ឌលសុខភាពនៅទូទាំងប្រទេស ដែលអនុញ្ញាតអោយជនកម្ពុជាក្រីក្រជាង ៣លាននាក់អាចទទួលបាននូវសេវាសុខភាពដោយឥតគិតថ្លៃ។ ដោយសាររាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកមួយចំណែកធំលើអភិបាលកិច្ច និងហិរញ្ញវត្ថុសម្រាប់មូលនិធិសមធម៌សុខាភិបាល ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងផ្តល់នូវជំនួយបច្ចេកទេស ព្រមទាំងការបណ្តុះបណ្តាលសមត្ថភាព ដើម្បីអោយរាជរដ្ឋាភិបាលអាចមានសមត្ថភាពការពិនិត្យតាមដានដំណើរការមូលនិធិសមធម៌សុខាភិបាល និងការធ្វើវិញ្ញាបនកម្មដោយខ្លួនឯង។ ការពង្រឹងនូវកិច្ចការងារនេះគឺបានពីការជួយគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលរបស់រាជរដ្ឋាភិបាល រួមទាំងព័ត៌មាន និងបែបបទនានាផងដែរ ហើយក៏ដើម្បីជួយឈានទៅសម្រេចបាននូវសេវាសុខាភិបាលសកល (Universal Health Coverage) សម្រាប់កម្ពុជា។ ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានជួយគាំទ្រដល់ការអភិវឌ្ឍនូវប្រព័ន្ធមួយសម្រាប់ពង្រឹងបទដ្ឋានលំហែរទាំសុខភាព ជាពិសេសផ្តោតលើវិស័យឯកជន ដើម្បីធានាអោយមានគុណភាពស្តង់ដាកម្រិតអប្បបរិមានៃលំហែរទាំមួយ។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធប្រឹក្សាវិជ្ជាជីវៈ និងក្របខ័ណ្ឌច្បាប់មួយ ដើម្បីគ្រប់អ្នកផ្តល់សេវាផ្នែកសុខាភិបាល។ ការវិនិយោគដ៏សំខាន់ និងគន្លឹះរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ក្នុងវិស័យហិរញ្ញប្បទានសុខាភិបាល ដើម្បីជួយដល់រាជរដ្ឋាភិបាលកម្ពុជាវិនិយោគធនធានក្នុងស្រុកបន្ថែមទៀតក្នុងកម្មវិធីគាំពារសុខភាពសង្គម និងគុណភាពសុខាភិបាល ដោះស្រាយបញ្ហាសំខាន់ៗទាំងឡាយ ក្នុងគោលបំណងធ្វើអោយប្រសើរឡើងនូវវិស័យសុខាភិបាលមួយប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ការរីកចម្រើនគួរអោយកត់សម្គាល់មួយឆ្ពោះទៅសម្រេចបាននូវសេវាសុខាភិបាលសកលទីភ្នាក់ងារបានកើតឡើងក្នុឆ្នាំ ២០១៧ នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបង្កើតនូវក្របខ័ណ្ឌគោលនយោបាយគាំពារសង្គមថ្នាក់ជាតិ ដើម្បីធ្វើសុខដុម និងពង្រឹងកម្មវិធីគាំពារសង្គមនានាដែលមានស្រាប់។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយបច្ចេកទេស ដើម្បីជួយអោយក្របខ័ណ្ឌគោលនយោបាយនេះអនុវត្តបាន តាមរយៈការចែករំលែកការអនុវត្ត និងបទពិសោធន៍ជាសកលល្អៗ ការគាំទ្រដល់ការងារអភិបាលកិច្ច ព្រមទាំងការកសាងសមត្ថភាពរបស់មន្ត្រីរាចរដ្ឋាភិបាលពីគ្រប់ស្ថាប័នពាក់ពន្ធទាំងអស់។
ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏កំពុងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចអោយបាននូមហិច្ឆិតារបស់ខ្លួនដើម្បីលុបបំបាត់មេរោគហ៊ីវ និងជម្ងឺគ្រុនចាញ់អោយបានត្រឹមឆ្នាំ ២០២៥។ កម្មវិធីរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID បានជួយកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃមេរោគហ៊ីវពី ១.៧% ក្នុងឆ្នាំ ១៩៩៨ មកនៅត្រឹម ០.៦% ក្នុងឆ្នាំ ២០១៥ តាមរយៈការធ្វើអោយប្រសើរឡើងនូវគុណភាពសេវាទាក់ទងនឹងមេរោគហ៊ីវ ការកសាងនូវវិធីសាស្ត្ររបកគំហើញថ្មីៗនៃការរកឃើញករណីចុងក្រោយ ព្រមទាំងការធ្វើអោយប្រសើរឡើងនូវតម្លៃប្រសិទ្ធភាពនៃការឆ្លើយតបចំពោះមេរោគហ៊ីវ។ គិតត្រឹមខែ មិថុនា ឆ្នាំ២០១៧ ដោយមានជំនួយបច្ចេកទេសដោយផ្ទាល់របស់ទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈកម្មវិធី PEPFAR អ្នកដែលកំពុងរស់នៅជាមួយមេរោគហ៊ីវចំនួនច្រើនជាង ៥៨,០០០នាក់ ឬប្រមាណ ៨០% បានទទួលការព្យាបាលសង្គ្រោះជីវិត។ ខណៈដែលករណីជម្ងឺគ្រុនចាញ់ត្រូវបានកាត់បន្ថយស្ទើរតែពាក់កណ្តាលក្នុងចន្លោះពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៤ ព្រំប្រទល់កម្ពុជា-ថៃ នៅតែបន្តជាមជ្ឈមណ្ឌលនៃគម្រោងប្រឆាំងភាពសុំាថ្នាំអាតេមីស៊ីនីនប្រឆាំងជម្ងឺគ្រុនចាញ់ដដែល។ តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងពង្រឹងការត្រួតពិនិត្យជម្ងឺគ្រុនចាញ់ ព្រមទាំងការបង្ការ និងការឃ្លាំមើល ក៏ដូចជាការតាមដាននូវភាពសុំាថ្នាំជម្ងឺគ្រុនចាញ់នេះ។ ទីភ្នាក់ងារជំនួយអាមេរិក USAID បានបង្កើតនូវគំរូនៃការលុបបំបាត់ដែលអាចវាស់ស្ទង់បាន និងដោយផ្អែកលើភស្តុតាងមួយ ហើយនឹងបង្កើននូវគំរូដែលមានគុណភាពខ្ពស់នេះសម្រាប់ការលុបបំបាត់ជម្ងឺគ្រុនចាញ់នៅតាមបណ្តាស្រុកផ្សេងៗទៀត។ កម្មវិធីជម្ងឺឆ្លងរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID ក៏បានគាំទ្រដល់មជ្ឈមណ្ឌលជម្ងឺរបេងថ្នាក់ជាតិ ដើម្បីកាត់បន្ថយអត្រាប្រេវ៉ាឡង់របេង និងការស្លាប់ដោយសារជម្ងឺនេះអោយបានពាក់កណ្តាល ក្នុងខណៈដែលយើងកំពុងតែបន្តធ្វើអោយគុណភាពនៃសេវាផ្នែកជម្ងឺរបេងកាន់តែមានភាពប្រសើរឡើង។ ទីភ្នាក់ងារជំនួយអាមេរិក USAID ជួយលើកកម្ពស់អត្រានៃការរកឃើញជម្ងឺរបេង និងរក្សានូវអត្រាប្យាបាលដោយជោគជ័យអោយបានរហូតដល់ ៩០ ភាគរយ។ ដើម្បីទប់ស្កាត់នូវការគំរាមកំហែងនៃជម្ងឺឆ្លងថ្មីៗ និងបង្កើនសន្តិសុខសុខាភិបាលសកល ទីភ្នាក់ងារជំនួយអាមេរិក USAID កំពុងកសាងភាពជាដៃគូ និងបានផ្តួចផ្តើមនូវសកម្មភាពឃ្លាំមើលបែបជីវសាស្ត្រដោយផ្តោតលើសកម្មភាពរបស់មនុស្ស និងសត្វ ដើម្បីពង្រឹងការបណ្តុះបណ្តាលមុនផ្តល់សេវាដល់អ្នកបម្រើការងារផ្នែកសុខាភិបាល និងបសុសត្វទាំងអស់ ដើម្បីដោះស្រាយនូវការលេចចេញ ការរីករាលដាលនៃជម្ងឺឆ្លង។
Comment
Make a general inquiry or suggest an improvement.