flag of Cambodia

វិស័យអប់រំ និងការគាំពារកុមារ

Language: English | Khmer

Speeches Shim

Education in Cambodia
ជំនួយរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID បានបំពេញបន្ថែម និងលើកកម្ពស់កិច្ចប្រឹងប្រែងកំណែទម្រង់វិស័យអប់រំរបស់ក្រសួង ដែលនាំអោយមានភាពប្រសើរច្រើននូវគុណភាព និងភាពទាក់ទងនៃការអប់រំមូលដ្ឋាន។
USAID/Ty Chan

រយៈពីរបីឆ្នាំកន្លងមកនេះ វិស័យអប់រំក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើងគួរអោយកត់សម្គាល់។ ក្រសួងអប់រំ​យុវជន និងកីឡា កាន់តែឈានខិតជិតដល់ការសម្រេចបាននូវការផ្តល់សេវាសកលនៃការអប់រំថ្នាក់​បឋមសិក្សា តាមរយៈការទទួលបាននូវអាត្រាសិស្សចុះឈ្មោះចូលរៀនចំនួន ៩៧.៧% ក្នុងឆ្នាំ២០១៦។ ប្រទេសកម្ពុជាក៏បាន​ពង្រឹងសមភាពផ្នែកយេនឌ័រក្នុងវិស័យអប់រំផងដែរ ដោយក្នុងនោះមានកុមារីចំនួន ៤៨.២%បានចុះឈ្មោះនៅ​ថ្នាក់បឋមសិក្សា។ ប្រទេសកម្ពុជាបានកសាងនូវសាលារៀនថ្មីចំនួនជិត ១០០០ខ្នងក្នុងកំឡុងពេលដប់ឆ្នាំកន្លង​មកនេះ ហើយបានវិនិយោគធនធានដ៏មានសារៈសំខាន់ជាច្រើន ដើម្បីពង្រីកការទទួលបាននូវសេវាអប់រំប្រកប​ដោយគុណភាពមួយ។ ក្នុងឆ្នាំ ២០១៦ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តថវិកាជាតិចំនួន ១៨.៣១%សម្រាប់​វិស័យអប់រំ។ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តនូវកំណែទម្រង់វិស័យអប់រំដោយផ្តោតលើសសរស្តម្ភ​ចំនួនប្រាំគឺ ទី១៖ ការអនុវត្តផែនការសកម្មភាពនៃគោលនយោបានគ្រូបង្រៀន ទី២៖ ការពិនិត្យឡើងវិញនូវ​កម្មវិធីសិក្សា និងសៀវភៅសិក្សា ព្រមទាំងការធ្វើងោយប្រសើរឡើងនូវបរិស្ថានសាលារៀន ទី៣៖ ការធ្វើអធិការ​កិច្ច ទី៤៖ ការពង្រឹងការវាយតម្លៃការសិក្សា និងទី៥៖ ការធ្វើកំណែទម្រង់ការសិក្សាថ្នាក់ឧត្តមសិក្សា។ បើទោះបី​ជា​ទទួល​​បាននូវសមិទ្ធិផលទាំងនេះក៏ដោយ ប្រទេសកម្ពុជាមានអត្រាសិស្សក្នុងថ្នាក់រៀនច្រើនជាងគេក្នុងតំបន់ ហើយមានតែ ៣២% នៃសិស្សស្រីប៉ុណ្ណោះ (៣៨%នៃសិស្សប្រុស) ដែលអាចអាន និងសរសេរភាសាខ្មែរបាន។

សកម្មភាព

កម្មវិធីថ្នាក់អំណានដំបូង (Early Grade Reading)

នាដើមឆ្នាំ ២០១៧ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិបានចាប់ផ្តើមនូវកម្មវិធីថ្មីមួយហៅថា កម្មវិធីអំណានថ្នាក់ដំបូង ដើម្បីជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍនូវកម្មវិធីអំណានដំបូងថ្នាក់​ជាតិមួយប្រកបដោយស៊ីសង្វាក់ និងស្ថិតស្ថេរ។ កម្មវិធីដែលមានរយៈពេលប្រាំឆ្នាំនេះ (២០១៧​ដល់២០២១) នឹងជួយធ្វើអោយប្រសើរឡើងនូវជំនាញក្នុងការអានរបស់កុមារដែលសិក្សានៅថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដោយផ្អែក​លើវិធីសាស្ត្រមួយទៀងទាត់ ដែលអាចធ្វើបាន និងមានភាពប្រាកដប្រជាក្នុងប្រទេសកម្ពុជា និងដែលអាចយកទៅ​អនុវត្ត​បាននៅទូទាំងប្រទេស។ ដោយមានការជួយផ្នែកបច្ចេកទេសដល់ក្រសួងអប់រំ និង​តាមរយៈការផ្តល់នូវការ​បណ្តុះបណ្តាលសមត្ថភាពដល់នាយកដ្ឋានបច្ចេកទេសសំខាន់ៗមួយចំនួនរបស់ក្រសួងលើគោលបំណងជាក់ លាក់មួយចំនួនរួមមាន៖

  • ការធ្វើអោយប្រសើរឡើងនូវសមត្ថភាពរបស់ក្រសួងអប់រំ ដើម្បីអាចគ្រប់គ្រងកម្មវិធីអំណានដំបូងអោយ​កាន់​តែ​មានប្រសិទ្ធ​ភាពនៅថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់សាលា
  • ការពង្រឹងភាពជាដៃគូ និងភាពជាប់ទាក់ទងគ្នា ដើម្បីគាំទ្រដល់គោលដៅនៃកម្មវិធីអំណានដំបូងក្នុង​ប្រទេសកម្ពុជា ព្រមទាំង
  • ធ្វើកិច្ចសហការ និងការធ្វើអោយមានភាពចុះសម្រុងនៃកម្មវិធីអំណានដំបូង និងការសរសេរកម្មវិធីសិក្សា​ដែល​ត្រូវបានគាំទ្រ និងអនុវត្តនៅថ្នាក់ទី១រហូតដល់ថ្នាក់ទី៣។

ជាពិសេស កម្មវិធីនេះនឹងធ្វើសមាហរណកម្មនូវគំនិតនៃការអប់រំប្រកបដោយបរិយាបន្នទៅក្នុងកិច្ចអន្តរាគមន៍នៃ​កម្មវិធីអំណានដំបូង ដើម្បីអោយកុមារគ្រប់រូបរួមទាំងកុមារដែលមានពិការភាពកម្រិតស្រាល មធ្យម និងធ្ងន់អាច​ទទួលបាននូវសេវាអប់រំនៅថ្នាក់បឋមសិក្សាប្រកបដោយគុណភាព។​

​ការគាំពារកុមារ

ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការអភិវឌ្ឍកុមារ និងការពង្រឹងសេវាគាំពារកុមារតាមរយៈការ​ដោះស្រាយនូវអំពើហិង្សាប្រឆាំងកុមារ  និងការប្រើប្រាស់សេវាថែទាំកុមារនៅផ្ទះ ឬមន្ទីរកុមារកំព្រា។ ដោយមាន​គោលដៅថ្នាក់ជាតិ​ក្នុងការកាត់បន្ថយចំនួនកុមារដែលរស់នៅក្នុងផ្ទះថែទាំអោយបាន ៣០% ក្រសួងសង្គមកិច្ច អតិតយុទ្ធជន និង​យុវនីតិសម្បទា កំពុងតែធ្វើការដើម្បីអោយប្រាកដថាប្រព័ន្ធនានាបានដំណើរការត្រឹមត្រូវ​សម្រាប់​​បង្ការការបែក​ចេញរបស់កុមារពីក្រុមគ្រួសាររបស់ពួកគេ។

សកម្មភាព

កម្មវិធី Family Care First

ក្នុងឆ្នាំ ២០១៤ ទីភ្នាក់ងារជំនួយអាមេរិក USAID បានប្រកាសអោយប្រើនូវកម្មវិធី Family Care First ដែលជាគំនិតផ្តួចផ្តើម​សកលមួយដែលចង់បង្ហាញ និងពន្លឿនដំណោះស្រាយថ្មីៗដែលនឹងជួយកាត់បន្ថយអោយបានច្រើននូវចំនួន​កុមារដែលរីកធំធាត់ដោយពុំមានសុវត្ថិភាព គ្មានការចិញ្ចឹមបីបាច់ និងថែទាំជាលក្ខណៈគ្រួសារ។ ក្នុងឆ្នាំ ២០១៥ ប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាប្រទេសដំបូងគេដើម្បីដំណើការសាកល្បងនូវវិធីសាស្ត្រនេះ។ បច្ចុប្បន្ន កម្ម​វិធី Family Care First គឺជាគម្រោងនៃភាពជាដៃគូមួយដែលមានដៃគូទាំងក្នុង និងក្រៅស្រុកពីគ្រប់ផ្នែក​ទាំង​អស់​​បានប្តេជ្ញាចិត្តបង្កើនភាគរយនៃចំនួនកុមារដែលរីកធំធាត់ដោយមានការកាចិញ្ចឹមបីបាច់ថែទាំ និងប្រកប​ដោយ​សុវត្ថិភាពអោយកាន់តែច្រើនឡើង។ ដោយមានការចង្អុលបង្ហាញជាគំរូនៃផលប៉ះពាល់ជាជារួមសម្រាប់កិច្ច​សហ​ការជាប្រព័ន្ធ និងពហុវិស័យ ដៃគូទាំងឡាយរបស់កម្មវិធី Family Care First កំពុងធ្វើការរួមគ្នាដើម្បីកសាងទាំង​ទំនុកចិត្ត និងភស្តុតាងដែលតម្រូវដើម្បីចូលរួមចំណែកជាយុទ្ធសាស្ត្រ និងសមូហភាពឆ្ពោះទៅរកចក្ខុវិស័យរួមនៃ​ការចិញ្ចឹមបីបាច់ថែទាំកុមារ ប្រកបដោយសុវត្ថិភាព និងជាលក្ខណៈគ្រួសារដល់កុមារគ្រប់រូបក្នុងប្រទេសកម្ពុជា។

ការពង្រឹងប្រព័ន្ធគាំពារកុមារក្នុងប្រទេសកម្ពុជា

ចាប់តាំងពីឆ្នាំ ២០១២ មក ទីភ្នាក់ងារជំនួយអាមេរិក USAID បានចាប់ដៃគូជាមួយអង្គការ UNICEF ក្នុងគោលបំណងពង្រឹង​ប្រព័ន្ធ​នានា​របស់រាជរដ្ឋាភិ​បាល និងដើម្បីធានាថា​សេវាគាំពារកុមារពិតជាមានសម្រាប់កុមារ និងក្រុមគ្រួសារ​ទាំងឡាយក្នុងប្រទេសកម្ពុជា។ តាមរយៈកម្មវិធីភាពជាដៃគូសម្រាប់កិច្ចគាំពារកុមារ (3PC) កុមារកម្ពុជាជាច្រើន​ពាន់​នាក់បានទទួលនូវសេវាសង្គមដើម្បីកាត់បន្ថយអំពើហិង្សាលើកុមារ និងការប្រាត់ប្រាសពីគ្រួសារ។ អង្គការ UNICEF បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីពង្រឹងប្រព័ន្ធ​ថ្នាក់ជាតិ ដែលការពារកុមារ និងឆ្លើយតបទៅនឹងករណីមួយចំនួនពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញលើកុមារផងដែរ។​