Speeches Shim
សន្តិសុខស្បៀង និងបរិស្ថាន
ក្រោមកម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីគំនិតសន្តិសុខស្បៀងសំរាប់អនាគតនិងការប្រែប្រួលអាកាសធាតុសកល (Feed the Future and Global Climate Change Initiatives) ទីភ្នាក់ងារ USAID បានជួយដល់ជាង ១៥០,០០០គ្រួសារអោយទទួលបាននូវប្រាក់ចំណូលច្រើនជាងមុន និងជួយកាត់បន្ថយកង្វះអាហារូបត្ថម្ភតាមរយៈការធ្វើអោយប្រសើរឡើងនូវរបៀបនៃការដាំដុះ ការប្រើប្រាស់គ្រាប់ពូជដែលមានគុណភាព ផ្គត់ផ្គង់ និងឥណទាន ព្រមទាំងការបង្កើនឱកាសស្វែងរកទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន។ ទីភ្នាក់ងារ USAID ជួយដល់កសិករ សហគមន៍កសិវប្បកម្ម និងព្រៃឈើអោយប្រើប្រាស់ឧបករណ៍ និងជំនាញនានាដែលកាត់បន្ថយភាពងាយរងគ្រោះចំពោះគ្រោះធម្មជាតិ អភិរក្សជម្រាលទឹកភ្លៀង និងការពារព្រៃឈើ ដែលចំណុចទាំងអស់នេះគឺមានសារៈសំខាន់ជាមួយការប្រែប្រួលអាកាសធាតុ។
ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ច
ទីភ្នាក់ងារ USAID ធ្វើការជាមួយអង្គការសង្គមស៊ីវិល និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ការពារសិទ្ធិស៊ីវិល ជម្រុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងដំណើការនយោបាយ និងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ទីភ្នាក់ងារ USAID បានជួយបង្កើនការទាក់ទងគ្នារវាងប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលលើបញ្ហាវិវាទដីធ្លី សិទ្ធិកម្មករ ការជួញដូរមនុស្ស និងអភិបាលកិច្ចល្អ។ ក្នុងឆ្នាំ ២០១៦ ទីភ្នាក់ងារ USAID បានបង្កើនចំនួនភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលក្នុងនោះមានភាពជាដៃគូជាមួយក្រុមហ៊ុនម៉ាយក្រូសូហ្វ ដើម្បីផ្តល់នូវចំណេះដឹងផ្នែកឌីជីថលដល់ប្រជាជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស។
សុខភាពសកល និងការអប់រំ
ទីភ្នាក់ងារ USAID បំពេញការងារដើម្បីធ្វើអោយប្រសើរឡើងនូវសុខភាពមាតា និងទារកពង្រឹងប្រព័ន្ធសុខាភិបាល និងកាត់បន្ថយនូវការគម្រាមកំហែងដោយជម្ងឺរាតត្បាតដូចជាមេរោគអេដស៍ ជម្ងឺគ្រុនចាញ់ និងជម្ងឺរបេងជាដើម។ ដោយមានការគាំទ្រពីទីភា្នក់ងារ USAID បច្ចុប្បន្នប្រជាជនកម្ពុជាប្រមាណ ៣០ភាគរយអាចទទួលបានសេវាសុខភាពមួយដែលកាន់តែមានប្រសិទ្ធិភាព និងប្រសើរជាងមុន ហើយកុមារកម្ពុជាប្រមាណមួយលាននាក់នឹងអាចរៀនអានតាមរយៈការបង្រៀនដែលមានប្រសិទ្ធិភាពច្រើនជាងមុន ព្រមទាំងគុណភាពអប់រំដេលប្រសើរជាងមុនផងដែរ។
Comment
Make a general inquiry or suggest an improvement.