សិក្ខាសាលាចាប់ផ្តើម និងរៀនសូត្រស្តីពី “ការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញប្រកបដោយចីរភាព និងប្រសិទ្ធភាព”

Speeches Shim

Wednesday, 3 April, 2019
សិក្ខាសាលាចាប់ផ្តើម និងរៀនសូត្រស្តីពី “ការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញប្រកបដោយចីរភាព និងប្រសិទ្ធភាព”
សិក្ខាសាលាចាប់ផ្តើម និងរៀនសូត្រស្តីពី “ការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញប្រកបដោយចីរភាព និងប្រសិទ្ធភាព”
USAID/Ty Chan

(ដូចបានត្រៀមសម្រាប់ការថ្លែង)

  • សូមគោរពឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថានជាទីគោរព!
  • លោក លោកស្រី កញ្ញា ជាទីរាប់អាន!
  • អរុណសួស្តី និងជម្រាបសួរ!

 

ខ្ញុំមានក្តីសោមនស្សយ៉ាងក្រៃលែង សូមស្វាគមន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នៅក្នុងសិក្ខាសាលាចាប់ផ្តើម និងរៀនសូត្រស្តីពី “ការគ្រប់គ្រងតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញប្រកបដោយចីរភាព និងប្រសិទ្ធភាព”។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ មានក្តីរំភើប ដែលបានចាប់ផ្តើមការសន្ទនាលក្ខណៈស្ថាបនានេះជាមួយសង្គមស៊ីវិល សមាជិកសហគមន៍ ផ្នែកឯកជន និងមន្ត្រីរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ នឹងមានឱកាសចែករំលែកព័ត៌មាន និងចំណេះដឹងអំពីការងារ ពង្រឹងការប្តេជ្ញាចិត្ត និងកិច្ចប្រឹងប្រែងរបស់ខ្លួន ក្នុងការអភិរ័ក្សព្រៃឈើ និងជីវៈចម្រុះ។ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការចាប់ផ្តើមនៃភាពជាដៃគូថ្មីដ៏សំខាន់រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោង USAID ព្រៃឡង់បៃតង។ ភាពជាដៃគូនេះ នឹងប្រមូលផ្តុំអ្នកពាក់ព័ន្ធ រួមគ្នាថែរក្សា និងគ្រប់គ្រងព្រៃឈើ និងជីវៈចម្រុះរបស់ព្រៃឡង់ប្រកបដោយចីរភាពនៅកម្ពុជា។

ខ្ញុំសូមឆ្លើៀតឱកាសនេះ សម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្តេជ្ញាចិត្តចំពោះការកាត់បន្ថយបទល្មើសព្រៃឈើ ការកាប់ឈើខុសច្បាប់ និងការទន្រ្ទានដីព្រៃ។ រដ្ឋាភិបាលបានអំពាវនាវឲ្យសកម្មជនព្រៃឈើ និងអង្គការសហគមន៍ ចូលរួមក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិ។ ក្នុងន័យនេះ ខ្ញុំសូមសរសើរដោយស្មោះចំពោះឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានប្រឹងប្រែងក្នុងការបំពេញភារកិច្ចនេះ។

ខ្ញុំក៏សូមទទួលស្គាល់ផងដែរនូវកិច្ចប្រឹប្រែងរបស់តួអង្គសង្គមស៊ីវិល សហគមន៍ និងបុគ្គលគ្រប់រូប ដែលជាអ្នកចូលរួមយ៉ាងសកម្ម ក្នុងការការពារធនធានធម្មជាតិ ដែលបានផ្តោតការយកចិត្តទុកដាក់ និងលះបង់ថាមពលលើបញ្ហាដែលមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសុខភាពរបស់ភពផែនដី។

កាលពីសប្តាហ៍មុន ខ្ញុំមានក្តីសប្បាយរីករាយ ដែលបានបំពេញទស្សនកិច្ចទៅកាន់ខេត្តចំនួនពីរនៅជាប់តំបន់ព្រៃឡង់ គឺខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ដែលខ្ញុំបានពិភាក្សាជាមួយសហគមន៍មូលដ្ឋាន សង្គមស៊ីវិល ឧទ្យានុរ័ក្ស និងអាជ្ញាធរមូលដ្ឋាន អំពីទស្សនៈរបស់ពួកគេចំពោះប្រសិទ្ធភាពនៃកម្មវិធីរបស់យើង និងវិធីសាស្ត្រដែលយើងអាចអនុវត្ត ដើម្បីកែលម្អការការពារព្រៃឈើឲ្យកាន់តែប្រសើរ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញាគ្រប់រូប ដែលអនុញ្ញាតឲ្យខ្ញុំ រាយការណ៍ជូនអំពីដំណើរទស្សនកិច្ចនេះ។ ខេត្តទាំងពីរនេះមានធនធានធម្មជាតិចម្រុះ និងសំខាន់គួរឲ្យស្ងើចសរសើរ ដែលកំពុងស្ថិតក្រោមការគម្រាមកំហែងយ៉ាងប្រត្យក្ស។ តាមអ្វីដែលខ្ញុំបានសង្កេត ខ្ញុំឃើញមានប្រធានបទសំខាន់ៗមួយចំនួនបានលេចឡើង។ ទីមួយ គ្រប់ក្រុមដែលខ្ញុំជួប សុទ្ធតែបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាពឲ្យបានច្រើននៅក្នុង និងជុំវិញតំបន់ការពារ ដើម្បីកាត់បន្ថយការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ក្នុងការទាញយកផលឈើហ៊ុប។ ការងារមុនៗមួយចំនួនរបស់យើង ផ្តល់នូវមេរៀនដ៏មានតម្លៃជាច្រើននៅក្នុងតំបន់នេះ ហើយជាក់ស្តែង យើងអាចរៀនសូត្រ និងបន្ស៊ាំបាន។ តំបន់អេកូទេសចរណ៍មួយចំនួន ប្រឈមនឹងការថយចុះនៃក្តីសង្ឃឹមសម្រាប់អនាគត ដោយសារគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ ហើយសហគមន៍មួយចំនួនបានពិភាក្សាដោយស្មោះត្រង់ និងដោយក្លាហានអំពីបញ្ហាសង្គមដែលធ្វើឲ្យអត្ថិភាពដែលផុយស្រួយរបស់ពួកគេកាន់តែដុនដាប។ នេះជាបញ្ហាស្មុគស្មាញយ៉ាងច្បាស់ ហើយខ្ញុំសង្ឃឹមថា សិក្ខាសាលានេះ នឹងផ្តល់នូវដំណោះស្រាយមួយចំនួនដែលយកចិត្តទុកដាក់លើសហគមន៍ ដើម្បីឲ្យ គម្រោងUSAID ព្រៃឡង់បៃតងបញ្ចូលក្នុងការងាររបស់ខ្លួន។

ទីពីរ អ្នកពាក់ព័ន្ធជាច្រើន បានទាមទារឲ្យមានការពង្រឹងសមត្ថភាពបន្ថែមទៀតសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារ រាប់ទាំងការកំណត់ព្រំដែនឲ្យបានច្បាស់ និងការបង្កើនធនធានសម្រាប់សហគមន៍ និងក្រសួងបរិស្ថានក្នុងការល្បាត។ ខ្ញុំដឹងថា គម្រោងUSAID ព្រៃឡង់បៃតងបានប្តេជ្ញាចិត្ត ក្នុងការពិនិត្យលើគំនិតទាំងនេះ និងសិក្សាពីរបៀបដែលបច្ចេកវិជ្ជាទំនើបអាចជួយសម្រួលដល់ការងារនេះ។

ជាចុងក្រោយ ខ្ញុំសូមចែករំលែករឿងមួយអំពីក្រុមអេកូទេសចរណ៍នៃសហគមន៍មួយដែលខ្ញុំបានជួបនៅលើកោះទ្រុង ក្នុងខេត្តក្រចេះ។ សហគមន៍កោះនេះនិយាយថា ពួកគេបានទ្រទ្រង់ជីវភាពខ្លួនឯងចាប់តាំងពីឆ្នាំ២០១១ ពួកគេបានដាំដើមឈើរាប់ពាន់ដើម គាំទ្រមុខរបរ និងចែករំលែកធនធានធម្មជាតិដ៏សម្បូរបែបរបស់ខ្លួនជាមួយទេសចរដែលសប្បាយរីករាយជាច្រើននាក់។ នៅពេលដែលយើងបានសួរប្រធានឃុំអំពីកូនសោរសម្រាប់ភាពជោគជ័យរបស់ពួកគេ គាត់បានលើកឡើងថា ពួកគាត់បានជោគជ័យ ដោយសារតម្លាភាពក្នុងការធ្វើសេចក្តីសម្រេច ដោយអ្នកចូលរួមគ្រប់រូបមានឱកាសបញ្ចេញយោបល់ក្នុងដំណើរការធ្វើសេចក្តីសម្រេច និងដឹងអំពីរបៀបធ្វើសេចក្តីសម្រេច។ នេះគឺជាប្រធានបទទី៣ដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់ខ្ញុំ។ ខ្ញុំដឹងថារាជរដ្ឋា       ភិបាលកម្ពុជា ប្តេជ្ញាចិត្តកែលម្អអភិបាលកិច្ចឲ្យប្រសើរឡើងនៅក្នុងវិស័យនេះ ហើយគម្រោងនេះនឹងផ្តោតលើតម្លាភាព និងការធ្វើសេចក្តីសម្រេចប្រកបដោយប្រសិទ្ធភាព ដែលជាកត្តាដ៏សំខាន់ជាមូលដ្ឋាននៃការងារទាំងអស់របស់គម្រោង។ វាមិនងាយស្រួលទេ ប៉ុន្តែខ្ញុំដឹងថា វត្តមានរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវ លោក លោកស្រី កញ្ញា នៅក្នុងសិក្ខាសាលាថ្ងៃនេះ មានន័យថា យើងមានឱកាសជោគជ័យច្រើន ក្នុងការការពារទេសភាពព្រៃឡង់ទាំងមូលដ៏សំខាន់នេះ ដើម្បីឲ្យមនុស្សជំនាន់ក្រោយទទួលបានអត្ថប្រយោជន៍ជាបន្តពីធនធានរបស់ព្រៃនេះ។

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ មានមោទនភាពដោយបានគាំទ្រកម្មវិធីគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១២។ តាមរយៈគម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ យើងបានជួយកាត់បន្ថយការបំភាយកាបោនបានជិត១២ លានតោន។ ចំនួននេះ គឺស្មើនឹងការបញ្ឈប់ឡានចំនួន២,៥លានគ្រឿង ពីការធ្វើចរាចរណ៍លើដងផ្លូវពេញមួយឆ្នាំ! លើសពីនេះទៀត យើងបានធ្វើការជាមួយសមាជិកសហគមន៍ព្រៃឈើចំនួន១៥,០០០ នាក់ ក្នុងការអភិវឌ្ឍមុខរបរជំនួស រិះរកមធ្យោបាយសម្រាប់ការរួមគ្នាគ្រប់គ្រងព្រៃឈើ និងបង្កើតភ័ស្តុតាង ដើម្បីគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសើរឡើង។  

គម្រោងUSAIDព្រៃឡង់បៃតងគឺជាគម្រោងបរិស្ថាននាំមុខគេរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំនៅកម្ពុជា។ ភាពជោគជ័យរបស់គម្រោងនេះពឹងផ្អែកលើកិច្ចសហការល្អ និងការគាំទ្រពីអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការប្តេជ្ញាចិត្តពីដៃគូនានា រាប់បញ្ចូលទាំងសង្គមស៊ីវិល   និងផ្នែក        ឯកជន។ គម្រោងនេះបានរៀបចំការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធជាច្រើន។ ការពិគ្រោះយោបល់ទាំងនេះ ជួយតម្រង់ទិសដោយផ្ទាល់សម្រាប់ការរៀបចំយុទ្ធសាស្ត្រនៃកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ និងបានរកឃើញប្រធានបទច្បាស់លាស់។

របៀបវារៈសម្រាប់សិក្ខាសាលាថ្ងៃនេះ ទាមទារឲ្យមាន “ការសន្ទនា” ម្តងហើយម្តងទៀត។ តាមរយៈការសន្ទនានេះ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នាអាចរួមចំណែកបង្កើតការយល់ដឹងកាន់តែច្បាស់អំពីបញ្ហា កំណត់ការប្រឈម និងដំណោះស្រាយ ដើម្បីសម្រេចបានអភិបាលកិច្ចធនធានធម្មជាតិប្រកបដោយចីរភាព។ ការចូលរួមដ៏សកម្មរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ក្នុងសិក្ខាសាលានេះ គឺជាធាតុផ្សំដ៏សំខាន់ឈានទៅសម្រេចគោលដៅនេះ។ សំខាន់ជាងនេះទៀត មតិយោបល់ និងដំណោះស្រាយចំពោះការប្រឈមនៃការគ្រប់គ្រងធនធានធម្មជាតិរបស់កម្ពុជាត្រូវបានកត់ត្រាបានសមស្របនៅក្នុងដំណើរការពិភាក្សាក្នុងសិក្ខាសាលានេះ។

ខ្ញុំមានជំនឿថា បើយើងរួមគ្នា យើងអាចថែរក្សាមូលដ្ឋានធនធានធម្មជាតិដ៏វិសេសវិសាលរបស់កម្ពុជា ដែលកំពុងទទួលរងការគម្រាមកំហែងនេះបាន ខណៈដែលជួយកែលម្អជីវភាពរបស់មនុស្សជំនាន់ក្រោយឲ្យរឹតតែប្រសើរឡើង។

ខ្ញុំសូមលើកទឹកចិត្តឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា គ្រប់រូប ឆ្លៀតឱកាសទាញយកប្រយោជន៍ឲ្យបានពេញលេញពីសិក្ខាសាលានេះ និងចូលរួមចំណែកថែរក្សាការពារព្រៃឈើរបស់កម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។

សូមអរគុណច្រើន!

Phnom Penh
Issuing Country