Speeches Shim
សូមគោរព៖
- ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប
- ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី
ថ្ងៃនេះខ្ញុមានកិត្តិយស និងសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមក្នុងពិធីថ្ងៃនេះ ។ ជាបឋមខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ដែលបានចូលរួមជាគណអធិបតីនៃពិធីចុះហត្ថលេខាកសិកម្មថ្ងៃនេះ ។ ខ្ញុំសូមទទួលស្គាល់ផងដែរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នថ្នាក់ក្រោមជាតិក្រោមឳវាទក្រសួងទាំងអស់ក្នុងការខិតខំប្រឹងនិងគាំទ្រដើម្បីជំរុញនូវកសិកម្មតាមកិច្ចសន្យានៅក្នុងប្រទេសកម្ពុជា ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់វិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិហៅកាត់ថា IRRI ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត ក្នុងការជំរុញឲ្យមានកសិកម្មតាមកិច្ចសន្យាលើផលិតកម្មដំណាំស្រូវនេះ។ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន AMRU RICE ចំពោះការប្តេជ្ញាចិត្តចូលរួមក្នុងការអភិវឌ្ឍន៍លើឧស្សាហកម្មស្រូវអង្ករឲ្យមានចីរភាព។
ដំណាំស្រូវនៅកម្ពុជាពឹងផ្អែកសំខាន់លើទឹកភ្លៀង និងនៅប្រើប្រាស់ពូជប្រកាន់រដូវ ដែលជាលក្ខណៈប្រពៃណីនៅឡើយ ។ យោងតាមការសិក្សារបស់ IRRI ក្នុងខេត្តគោលដៅទាំង៤ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ សៀមរាប ក្នុងចំណោម ១២២០នាក់ មានកសិករ ៥០%ដែលទទួលរងនូវគ្រោះពីភាពរាំងស្ងួត និង ១៤% ទទួលរងគ្រោះដោយគ្រោះទឹកជំនន់ ក្នុងចន្លោះឆ្នាំ ២០១១ និង ២០១៦ ។ កត្តាទាំងពីរនេះគឺបណ្តាលឲ្យបាត់បង់ទិន្នផលរហូតដល់ ៤០% ។ ក្នុងអំឡុងឆ្នាំដែលរងផលប៉ះពាល់នេះ កសិករដែលនៅក្នុងតំបន់សិក្សានេះ មានស្បៀងហូបបានត្រឹមតែ ៨ខែប៉ុណ្ណោះ។ សម្ពាធដោយសារបម្រែបម្រួលអាកាសធាតុនេះវាបង្កើតឡើងនូវកត្តាគម្រាម កំហែងទ្វេរដងដែលទីមួយគឺលើផលិតភាពរបស់វស័យស្រូវអង្ករថ្នាក់ជាតិ និងទីពីរលើជីវភាពរស់នៅរបស់កសិករ ។
ក្រោមការគាំទ្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផលិត និងចែកចាយនូវពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ និងធុនទ្រាំនឹងអាកាសធាតុក្នុងកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងតំបន់អាស៊ី និងអាហ្វ្រ៊ីក ។ ការនេះគឺបានជួយដល់កសិករកម្ពុជាយើងក្នុងការបន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុបានកាន់តែប្រសើរឡើង ។ ការគាំទ្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានជួយពន្លឿននូវការចែកចាយពូជស្រូវទាំងនេះនៅក្នុងប្រទេសកម្ពុជាដោយផ្តោតលើការពង្រឹងប្រព័ន្ធគ្រាប់ពូជថ្នាក់ជាតិ។ ការសម្រេចបានសមិទ្ធិផលនេះគឺតាមរយៈការជំរុញកំណើនអ្នកផលិតពូជជាឯកជន ការសម្របសម្រួលដោយមានផ្សារភ្ជាប់នឹងវិស័យឯកជនក្នុងសង្វាក់តម្លៃពូជស្រូវ និងជំរុញគោលនយោបាយដែលជួយដល់ក្នុងសង្វាក់តមៃ្ល ទាំងមូល។ មានប្រព័ន្ធពូជរឹងមាំ និងដំណើរការ វានឹងជួយដល់ការចែកចាយពូជទាំងនេះបានពេញទូទាំងប្រទេសបាន។
ពិធីចុះហត្ថលេខាកសិកម្មជាផ្លូវការរវាងសហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន១៦មកពីពីរខេត្ត សៀមរាប និងកំពង់ធំ ជាមួយក្រហ៊ុន AMRU RICE វាបង្ហាញយ៉ាងច្បាស់អំពីសារសំខាន់នៃវិស័យឯកជនក្នុងកសាងឧស្សាហកម្មកសិកម្ម និងធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពរកទីផ្សារដល់កសិករកម្ពុជាសម្រាប់ផលិតផលរបស់គាត់ ។ នេះគឺជាការខិតខំប្រឹងប្រែងដ៏ខ្ពស់បំផុតទាំងវិស័យសារធារណះ និងឯកជនដើម្បីពង្រឹងប្រព័ន្ធពូជស្រូវកម្ពុជា ដោយអនុវត្តន៍នូវផែនការសកម្មភាពពូជស្រូវកម្ពុជា និងជាតឹកតាងនៃការអភិវឌ្ឍន៍សមត្ថភាពផ្អែកតាមតម្រូវការសម្រាប់អ្នកផលិតពូជ ។
យើងខ្ញុំសង្ឃឹម និងទន្ទឹងរងចាំមើលនូវភាពរីកចម្រើនលើវិស័យស្រូវអង្ករ នៅពេលក្រុមអ្នកផលិត និងក្រុមហ៊ុន AMRU RICE រីកចម្រើនទៅមុខក្រោមកិច្ចសហការជាដៃគូរ។
ជាទីបញ្ចប់ខ្ញុំសូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ជួបតែពុទ្ធពរបួនប្រកាគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ។
សូមអរគុណ
Comment
Make a general inquiry or suggest an improvement.