Speeches Shim
- សូមគោរពឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍
- សូមគោរពលោកស្រី Marie-Odile Emond តំណាងប្រចាំប្រទេសនៃអង្គការ UNAIDS
- សូមគោរពតំណាងអង្គការសង្គមស៊ីវិល
- ភ្ញៀវកិត្តិយសទាំងអស់
ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដោយបានចូលរួមជាមួយអ្នកទាំងអស់គ្នា តំណាងអោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ និងផែនការបន្ទាន់សម្រាប់ជួយសង្គ្រោះផ្នែកជំងឺអេដស៍របស់ប្រធានាធិបតីអាមេរិកហៅកាត់ថា PEPFAR ដែលអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានស្គាល់។
ការវាយតម្លៃលើការចំណាយប្រចាំឆ្នាំលើកម្មវិធីអេដស៍ថ្នាក់ជាតិ (NASA) គឺជាការសិក្សាមួយដ៏មានសារៈសំខាន់ដែលផ្តល់នូវទិន្នន័យនៃការចំណាយជាក់ស្តែងដែលទទួលបានពីគ្រប់ប្រភពនៅទូទាំងប្រទេសសម្រាប់ការប្រយុទ្ធនឹងជម្ងឺអេដស៍។ ខណៈដែលខ្ញុំនឹងមិនបង្ហាញនូវលទ្ធផលគួរអោយចាប់អារម្មណ៍ដែលអ្នកស៊ើបអង្កេតនានានឹងធ្វើបទបង្ហាញជូន ខ្ញុំចង់និយាយអំពីធនធានថវិកាក្នុងស្រុក និងយុទ្ធសាស្ត្របន្តផ្តោតលើការលុបបំបាត់ជម្ងឺរាតត្បាតប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរអោយកត់សម្គាល់ក្នុងការប្រយុទ្ធនឹងជម្ងឺអេដស៍ ព្រមទាំងកំពុងខិតជិតទៅសម្រេចបាននូវគោលដៅ ៩០.៩០.៩០ របស់ខ្លួនក្នុងការលុបបំបាត់មេរោគអេដស៍។ ជោគជ័យនេះគឺជាលទ្ធផលនៃធនធាន និងសកម្មភាពរួមពីសំណាក់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធសំខាន់ៗ។ ក្នុងនាមជាអតីតមន្ត្រីផ្នែកសុខាភិបាលដែលធ្លាប់បានបម្រើការនៅតាមប្រទេសជាច្រើនដែលគាំទ្រដោយ PEPFAR ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែលកម្ពុជាបានប្រែក្លាយចំណងរួមរឹតដោយការរាលដាលនៃជម្ងឺអេដស៍ ទៅជាប្រទេសមួយដំបូងគេក្នុងការសម្រេចបាននូវការលុបបំបាត់ការរីរាលដាលនៃជម្ងឺអេដស៍។
ទោះបីជាយ៉ាងណា បរិបទថ្មីនៃប្រទេសកម្ពុជាមានសភាពខុសប្លែកពី ទសវត្សឆ្នាំ ១៩៩០ និងដើមទសវត្សឆ្នាំ២០០០ ដែលជារយៈកាលនៃការកើនឡើងខ្ពស់នូវការរីករាលដាលនៃមេរោគអេដស៍ ។ សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ដោយមានកំណើនថេរក្នុងរង្វង់ជាង ៧ភាគរយនាប៉ុន្មានឆ្នាំកន្លងទៅនេះ។ ឆ្នាំមុន ធនាគារពិភពលោកបានប្រកាសថាប្រទេសកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ យើងអាចឃើញនូវវឌ្ឍនភាពទាំងនេះនៅជុំវិញខ្លួនយើងទាំងនៅទីក្រុង និងតាមផ្លូវទៅកាន់តំបន់ជនបទក្នុងប្រទេសកម្ពុជា។
និរន្តរភាពហិរញ្ញវត្ថុ គឺជាចំណុចប្រសព្វនៃការសិក្សានៃរោគរាត្បាត និងសេដ្ឋកិច្ច។ សូមរម្លឹកខ្លួនយើងឡើងវិញថាតើនិរន្តរភាពមានអត្ថន័យពិតប្រាកដយ៉ាងដូចម្តេច? វាគឺជាសមត្ថភាពក្នុងការលុបបំបាត់នូវរោគរាតត្បាត និងធានានូវស្ថេរភាពមូលនិធិសម្រាប់ការបង្ការ និងព្យាបាលមេរោគអេដស៍។ វាក៏សំដៅលើប្រព័ន្ធសុខាភិបាលមួយដែលគាំទ្រដល់សេវាទាំងនេះបន្ទាប់ពីសម្រេចបាននូវការលុបបំបាត់ការរាលដាល។ បរិស្ថានសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា តាមធម្មតាហិរញ្ញប្បទានសម្រាប់ជម្ងឺអេដស៍នឹងមានការប្រែប្រួលជាបន្តបន្ទាប់។ ការផ្តល់មូលនិធិពីខាងក្រៅមានការធ្លាក់ចុះយ៉ាងឆាប់រហ័ស ហើយការសន្ទនាជុំវិញនិរន្តរភាពកំពុងតែមានការកើនឡើង។ ខណៈដែលការកាត់បន្ថយនូវធនធានសរុបបាននាំអោយប្រសិទ្ធភាពមានភាពប្រសើរឡើង ការធ្លាក់ចុះនូវការផ្តល់មូលនិធិសម្រាប់មេរោគហ៊ីវនាពេលថ្មីៗនេះកំពុងតេគំរាមកំហែងខ្លាំងដល់ការបង្ការ និងសេវាសាកល្បងនានាសម្រាប់ជនដែលងាយរងគ្រោះ និងជនកំពុងប្រឈមហនិភ័យបំផុត។ យើងទាំងអស់គ្នាយល់ស្របថាយើងត្រូវតែថែរក្សានូវការវិនិយោគ និងស្នាដៃដែលសម្រេចបានកន្លងមក បើទោះជាប្រឈមនឹងការធ្លាក់ចុះនូវធនធានក៏ដោយ។ ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាក៏ឯកភាពផងដែរថាផ្លូវឆ្ពោះទៅកាន់និរន្តភាពចាំបាច់ត្រូវពន្លឿន។ នៅក្នុងដំណាក់កាលប្រសព្វគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធចាំបាច់ត្រូវបង្កើតនូវផែនការជាក់លាក់មួយ។ ផែនការដែលនឹងធានាថានៅពេលដែលសម្រេចបាននូវការលុបបំបាត់ជម្ងឺឆ្លង សេវា ប្រព័ន្ធ ហិរញ្ញប្បទាន និងគោលនយោបាយនានាតម្រូវរក្សាអោយមានដដែល។
ប្រទេសកម្ពុជាមិនមែនជាប្រទេសតែមួយដែលធ្វើអោយមានការប្រែប្រួលនេះទេ។ ការវិនិយោគលើកម្មវិធីអេដស៍ក្នុងស្រុកនៅបណ្តាប្រទេសជុំវិញពិភពលោកមានការកើនឡើងគួរអោយកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ប្រទេសជាច្រើនកំពុងតែបោះជំហ៊ានយ៉ាងសំខាន់ឆ្ពោះទៅកាន់អនាគតមួយប្រកបដោយនិរន្តរភាព។ មនុស្សមួយភាគបីកំពុងរស់នៅជាមួយមេរោគអេដស៍ក្នុងបណ្តាប្រទេសដែលធនធានក្នុងស្រុកផ្តល់ហិរញ្ញប្បទានភាគច្រើនលើការទិញថ្នាំ ARV។ ក្នុងនោះមានប្រទេសជិតខាងរបស់យើង គឺប្រទេសវៀតណាម ថៃ និងភូមា។ ជាញឹកញយ ការបេ្តជ្ញាចិត្តដំបូងរបស់ប្រទេសក្នុងការធ្វើហិរញ្ញប្បាទានលើកម្មវិធីអេដស៍ គឺការទិញថ្នាំ ARVs។ មានហេតុផលល្អៗមួយចំនួនសម្រាប់ការធ្វើដូច្នោះ។ ទី១ ថ្នាំ ARVs គឺជាអ្នកសង្គ្រោះជីវិត និងអនុញ្ញាតអោយជនដែលរស់នៅជាមួយមេរោគហ៊ីវអាចរស់នៅបានជាធម្មតាដូចប្រជាពលរដ្ឋដ៏ទៃដោយពុំមានការចម្លងមេរោគទៅកាន់អ្នកដ៏ទៃ។ ទី២ ថ្នាំ ARVs មានភាពងាយស្រួលក្នុងការតាមដាន។ ជាលទ្ធផល ក្រសួងហិរញ្ញវ្ថុភាគច្រើនយល់ថាការផ្តល់មូលនិធិទិញថ្នាំ ARVs គឺជាការប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវហិរញ្ញវត្ថុសុខាភិបាល។ ចំណុចសំខាន់ផ្សេងទៀតដែលធនធានក្នុងស្រុកត្រូវបានវិនិយោគរួមមាន៖ ធនធានមនុស្ស កញ្ចប់តេស្តមេរោគអេដស៍ វត្ថុធាតុដើម សេវា និងសម្ភារៈមន្ទីរពិសោធន៍សម្រាប់ប្រជាជនគន្លឹះ។
សម្រាប់រដ្ឋាភិបាលអាមេរិក និរន្តភាពនៃការឆ្លើយតបនៃកម្មវិធីអេដស៍មានន័យថាប្រទេសមួយបានបង្ករបរិយាកាស និងផ្តល់សេវា ប្រព័ន្ធ និងធនធានដែលតម្រូវដើម្បីត្រួតពិនិត្យ និងលុបបំបាត់ការរីករាលដាលនៃជម្ងឺអេដស៍។ ទាំងនេះរួមមានហិរញ្ញវត្ថុ ធនធានមនុស្ស និងស្ថាប័នដែលតម្រូវដើម្បីរក្សាប្រព័ន្ធ និងការដំណើរការសេវានានា។ មូលដ្ឋានប្រភពហិរញ្ញវត្ថុប្រកបដោយស្ថេរភាព គឺមានសារៈសំខាន់សម្រាប់ការរៀបចំផែនការ និងការសម្រេចចិត្តរយៈពេលវែង។ ដោយសារការផ្តល់ហិរញ្ញវត្ថុនឹងមានដែនកំណត់ ឥទ្ធិពលនៃមូលនិធិនីមួយៗត្រូវតែលាតត្រដាងតាមរយៈការធានាថាការវិនិយោគទាំងឡាយមានលក្ខណៈយុទ្ធសាស្ត្រ មានប្រសិទ្ធភាព និងសន្សំសំចៃ។
ខណៈដែលប្រទេសកម្ពុជាអបអរនូវស្នាដៃសម្រេចបានរបស់ខ្លួនជាពីរទសវត្សមកនេះ ថ្នាក់ដឹកនាំ និងដៃគុរបស់ខ្លួនកំពុងធ្វើការសម្របកម្មវិធីជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សមួយ។ តម្លៃនៃការប្រយុទ្ធនឹងជម្ងឺអេដស៍ និងលំហែទាំជិវិតតាមរយៈការព្យាបាលមួយជីវិត គួបផ្សំជាមួយនឹងការថយចុះនៃជំនួយ និងកំណើនសេដ្ឋកិច្ច កំពុងតែបង្កើតនូវកាលានុវត្តភាពថ្មីដើម្បីពង្រីកភាពជាម្ចាស់ និងការផ្តល់ហិរញ្ញវត្ថុសម្រាប់សកម្មភាពអេដស៍។
អ្វីដែលសម្រេចបានមានភាពធំធេង។ ប្រសិនបើយើងបន្តធានាថារាល់ការវិនិយោគមានលទ្ធផលច្បាស់លាស់ នោះមិនត្រឹមតែការលុបបំបាត់នូវមេរោគរាលដាលនោះទេ តែការលុបបំបាត់ជម្ងឺអេដស៍ប្រកបដោយចីរភាពនឹងស្ថិតនៅក្នុងកណ្តាប់ដៃរបស់យើង។
ការផ្សព្វផ្សាយនូវការរកឃើញរបស់ការវាយតម្លៃលើការចំណាយប្រចាំឆ្នាំលើកម្មវិធីអេដស៍ថ្នាក់ជាតិ (NASA)នាថ្ងៃនេះផ្តល់នូវមូលដ្ឋានដែលយើងអាចប្រើប្រាស់សម្រាប់ការតាមដាននូវវឌ្ឍនភាពនៃហិរញ្ញប្បទានក្នុងស្រុក ដើម្បីធានាថាកម្ពុជាកា្លយជាប្រទេសដែលគ្មានជម្ងឺអេដស៍។ សូមយើងទាំងអស់គ្នាប្រើប្រាស់នូវការវាស់វែងជាមូលដ្ឋាននេះដើម្បីបន្តកិច្ចពិភាក្សាស្តីពីនិរន្តភាព និងធានាថាកម្ពុជាសម្រេចបាននូវគោលដៅ ៩៥.៩៥.៩៥ របស់ខ្លួនត្រឹមឆ្នាំ ២០២៥។
សូមអរគុណ!
Comment
Make a general inquiry or suggest an improvement.