Speeches Shim
- សូមគោរព ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន
- សូមគោរព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ
- សូមគោរពតំណាងដៃគូអភិវឌ្ឍន៍
- សូមគោរពភ្ញៀវកិត្តិយសជាទីមេត្រី!
ខ្ញុំពិតជាមានសេចក្តីរីករាយដោយបានឃើញនូវសម្រស់ដ៏ផូរផង់នៃព្រៃឡង់ និងបានជួបជាមួយប្រជាជនដែលបានលះបង់នូវអាយុជីវិតរបស់ខ្លួនដើម្បីការពារធម្មជាតិដ៏អស្ចារ្យមួយនេះ។ ខ្ញុំមានសេចក្តីរំភើប និងរន្ធត់ដោយបានស្តាប់នូវរឿងរ៉ាវ និងការប្រឈមនានាដែលពួកគេជួបប្រទះរាល់ថ្ងៃ។ នេះគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើន ដែលនាំអោយខ្ញុំបានមកកាន់ទីនេះនាថ្ងៃនេះ ដើម្បីទទួលស្គាល់នូវការទទួលខុសត្រូវដ៏ធំធេងរបស់ឧទ្យានុរក្ស និងសមាជិកសហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជា។
ខ្ញុំសូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្រសួងបរិស្ថានក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់។ ខ្ញុំក៏សូមកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងការចូលរួមរបស់សមាជិកសហគមន៍។ កិច្ចការពារធនធានធម្មជាតិរបស់ប្រទេសមួយមិនមានភាពងាយស្រួលនោះទេ។ ប្រសិនបើថ្នាក់ដឹកនាំមានការប្តេជ្ញាចិត្តពិតប្រាកដ ពេលនោះអ្នកនៅជួរមុខនឹងមានអារម្មណ៍កាន់តែរឹងមាំ។ ឧបករណ៍ដើរល្បាតនេះ នឹងជួយដល់ឧទ្យានុរក្ស និងសមាជិកសហគមន៍ ដែលជាអ្នកការពារព្រៃឈើកម្ពុជាបន្តការងាររបស់ខ្លួន ហើយក្រសួងបរិស្ថានក៏អាចបន្តនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិរក្ស និងការអប់រំផ្នែកបរិស្ថានផងដែរ។
ការសម្រេចរបស់រដ្ឋាភិបាលក្នុងការដាក់បញ្ចូលតំបន់ធម្មជាតិកាន់តែច្រើនទៅជាតំបន់ការពារ គឺមានសារៈសំខាន់។ វាបានជួយអោយប្រទេសកម្ពុជាដើរលើគន្លងមួយត្រឹមត្រូវឆ្ពោះទៅកាន់ការរីកចម្រើនប្រកបដោយចីរភាព។ ដើម្បីសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព ការអភិរក្សធនធានធម្មជាតិពុំមែនជាទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលតែឯងនោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកទទួលខុសត្រូវពីសំណាក់អង្គការសង្គមស៊ីវិល យុវជន និងសហគមន៍ព្រៃឈើទាំងអស់ផងដែរ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ខេត្តក្រចេះកាលពីឆ្នាំកន្លងទៅ ខ្ញុំបានឃើញប្រព័ន្ធអេកូសាស្ត្រចម្រុះព័ណ៌ រស់រវើក និងលូតលាស់លាតសន្ធឹងលើផ្ទៃដីដ៏ធំធេង។ ខ្ញុំក៏បានឃើញការគម្រាមកំហែងនានាកំពុងតែទន្ទ្រានចូលដល់តំបន់អេកូសាស្ត្រដ៏មានសារៈសំខាន់នេះផងដែរ។ នៅតាមតំបន់ជាច្រើន នៅពេលដែលមានការរីកលូតលាស់នៃរុក្ខជាតិ តែងតែមានទីកន្លែងដែលស្ងួតហែងផងដែរ។ ការមើលឃើញទាំងព្រៃឈើដែលនៅល្អ និងព្រៃឈើដែលរិចរិល បានធ្វើអោយខ្ញុំនឹកឃើញនូវអ្វីដែលបានបាត់បង់ ហើយក៏នឹកដល់អ្វីដែលយើងចាំបាច់ត្រូវការពារ។
ជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសង្គមស៊ីវិលដែលជាដៃគូរបស់យើង ខ្ញុំមានមោទនភាពក្នុងការនិយាយថាយើងខ្ញុំបានចូលរួមចំណែកក្នុងប្រយុទ្ធប្រឆាំងនឹងការបំផ្លាញព្រៃឈើ និងការបាត់បង់នូវជីវចម្រុះក្នុងតំបន់ទំនាបកណ្តាលភាគខាងកើត និងក្នុងតំបន់ព្រៃឡង់។ ការងាររបស់យើងផ្តោតសំខាន់លើការចូលរួមចំណែករបស់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ព្រៃឈើ សាលារៀន និងមន្ត្រីរដ្ឋាភិបាល។ ក្រុមទាំងនេះត្រូវដើរតួនាទីយ៉ាងសំខាន់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិរបស់ប្រទេសប្រកបដោយចីរភាព។
នេះជាមូលហេតុដែលនាំអោយយើងបានមកជួបគ្នាថ្ងៃនេះ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកដល់អ្នកទាំងអស់គ្នានូវឧទាហរណ៍មួយទៀតនៃការគាំទ្ររបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដល់ការងារដែលអ្នកទាំងអស់គ្នាកំពុងបំពេញដើម្បីសង្គ្រោះព្រៃឈើកម្ពុជា។ តាមរយៈគម្រោងគាំទ្រព្រៃឈើនិងជីចម្រុះរបស់យើង យើងនឹងផ្តល់នូវសម្ភារៈល្បាតដល់សមាជិកបណ្តាញសហគមន៍ព្រៃឡង់ និងបណ្តាញប្រជាសហគមន៍ការពារតំបន់ព្រៃឡង់ចំនួន ២៣០រូប។ សមាជិកសហគមន៍អញ្ជើញមកពីសហគមន៍ព្រៃឈើជាង ៥០ និងមានទីតាំងក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់។ ដែនជម្រកនេះគ្របដណ្តប់លើព្រៃជាច្រើនប្រភេទរាប់ទាំងពីព្រៃបៃតងជានិច្ចរហូតដល់ព្រៃស្ងួត និងជាទីជម្រកនៃសត្វ និងរុក្ខជាតិដែលកំពុងស្ថិតក្នុងការគម្រាមកំហែង និងផុតពូជ។ ព្រៃឈើ និងសត្វទាំងអស់នេះមិនត្រឹមតែមានសារៈសំខាន់ចំពោះកម្ពុជាប៉ុណ្ណោះទេ តែវាជារតនសម្បត្តិរបស់ភពផែនដីទាំងមូលផងដែរ។
កញ្ចប់សម្ភារៈទាំង ២៣០ ផ្តល់នូវឧបករណ៍ប្រកបដោយគុណភាពខ្ពស់រួមមាន៖ កាបូបស្ពាយ ស្បែកជើងធ្វើពីស្បែក តង់ អាវភ្លៀង អង្រឹង និងអំពូលបំភ្លឺពាក់លើក្បាល។ ឧបករណ៍ទាំងនេះនឹងបង្កើនសមត្ថភាពរបស់សមាជិកសហគមន៍ក្នុងការដើរល្បាតក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់នេះ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការបរបាញ់សត្វ។ ឧបករណ៍ល្បាតព្រៃនេះបំពេញបន្ថែមលើវគ្គបណ្តុះបណ្តាលការអនុវត្តច្បាប់មួយសម្រាប់សមាជិកសហគមន៍ក្នុងខេត្តចំនួនបួននៃដែនជម្រក សត្វព្រៃឡង់ ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID ផងដែរ។
ខ្ញុំមានសេចក្តីរំភើបដោយសមាជិកសហគមន៍ព្រៃឈើបានអោយដឹងថាការចុះល្បាតប្រចាំខែរបស់សហគមន៍នាឆ្នាំកន្លងមក បានឈានទៅកាត់បន្ថយបទល្មើសព្រៃឈើក្នុងសហគមន៍ព្រៃឈើរបស់ពួកគេគួរអោយកត់សម្គាល់។ អ្នកកាប់ឈើខុសច្បាប់ត្រូវបានចាប់ខ្លួន អន្ទាក់ទាំងឡាយត្រូវបានរើចេញ សត្វព្រៃមានសេរីភាពឡើងវិញ ហើយរណារត្រូវបានដកហូត។ យើងបានឃើញដោយផ្ទាល់ថានៅពេលដែលមានការកំណត់ត្រឹមត្រូវនូវតួនាទី និងធនធានសមស្របសម្រាប់ការចូលរួមគ្រប់គ្រងព្រៃឈើរបស់សហគមន៍ និងអាជ្ញាមូលដ្ឋាន នោះការការពារព្រៃឈើកាន់តែមានភាពរឹងមាំខ្លាំងក្លាឡើង។ ដោយសារតែដូច្នេះ គម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះរបស់យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងជួយដល់ពួកគេក្នុងការទទួលខុសត្រូវសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ។ យើងក៏បានលើកទឹកចិត្តអោយមានកិច្ចសហប្រតិបត្តិការ និងការល្បាតរួមគ្នារវាងអ្នកដើល្បាតរបស់សហគមន៍ និងមន្ត្រីឃុំ ព្រមទាំងឧទ្យានុរក្សរបស់រាជរដ្ឋាភិបាលផងដែរ។ វា គឺជាកិច្ចប្រឹងប្រែងជាក្រុមយ៉ាងពិតប្រាកដ។
ជាថ្មីម្តងទៀត ខ្ញុំមានសេចក្តីរីករាយដោយបានមកកាន់ទីនេះនាថ្ងៃនេះ។ យើងមានមោទនភាពក្នុងការបំពេញការងារជាមួយប្រជាជនកម្ពុជាដើម្បីការពារនូវធនធានធម្មជាតិដ៏អស្ចារ្យរបស់ប្រទេសនេះ។
អរគុណច្រើន!
Comment
Make a general inquiry or suggest an improvement.